លោកអភិបាលស្រុកស្វាយទាបបានផ្ដាំផ្ញើដល់សិស្សានុសិស្ស សាលាវិទ្យាល័យហ៊ុនសែន ស្វាយរំពារ ត្រូវខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សល្អក្នុងសង្គមជាតិ
លោក ជា ហ៊ន អភិបាលស្រុកស្វាយទាបបានធ្វើការផ្ដាំផ្ញើដល់សិស្សានុសិស្សប្រមាណជិត ៦០០ នាក់ នៅសាលាវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ស្រុកស្វាយទាបត្រូវខិតខំរៀនសូត្រឲ្យមានចំណេះដឹងខ្ពស់ សីលធម៌ល្អ សុខភាពល្អ ដើម្បីក្លាយជា ធនធានមនុស្សដ៏ល្អប្រសើរនៅក្នុងសង្គមជាតិ។ការផ្ដាំផ្ញើនេះក្នុងពេលដែលលោកអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាល័យហ៊ុនសែនស្វាយរំពារ ។
ពាក់ព័ន្ធនឹងការផ្ដាំផ្ញើនេះដែរ លោកជាហ៊ន អភិបាលស្រុកបានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ បន្ថែមដោយបានកំណត់ឲ្យលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ត្រូវ
- បន្តអនុវត្តកំណែទម្រង់វិស័យអប់រំដែលបានដាក់ចេញរួចហើយ។ជាពិសេសការបន្តពង្រឹងអភិបាលកិច្ចតាមរយៈការអនុវត្តស្តង់ដារសាលារៀនគំរូដោយ មិនពង្រីចំនួនសាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធិ ភាព ចីរភាពអនុវត្តកម្មវិធី គ-វ-អ តាមសាលាបឋមសិក្សា។
- ត្រូវចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលទើបត្រឡប់មកពីប្រទេសថៃនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ដើម្បីឲ្យកុមារទាំងនោះបានចូលរៀនគ្រប់ៗគ្នា។
- អង្គភាព ស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នាសាកល្បងគន្លងអប់រំថ្មីចាប់ពីថ្នាក់ទី 10 ដើម្បីឲ្យសិស្សានុសិស្សមានចំណេះដឹងវិជ្ជាជីវៈ ដើម្បីងាយស្រួលក្នុងការរកការងារធ្វើតាមឧបនិស្ស័យ។
- ក្រៅពីនេះត្រូវបង្រៀនឲ្យបានពេញម៉ោងសិក្សាលើមុខវិជ្ជាដូចជាភាសាខ្មែរ អំណាន គណិតវិទ្យា សីលធម៌ និងឥរិយាបថ។
- មាតាបិតាសិស្សគ្រប់រូបសូមនាំកូនទៅចុះឈ្មោះចូលរៀននិងចូលរួមតាមដានការសិក្សា អត្តចរិតសីលធម៌ សុជីវធម៌របស់កូនចៅទាំងក្នុងគ្រួសារនិងក្នុងសហគមន៍។
- ទន្ទឹមនេះគ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីយុទ្ធនាការប្រមូលកុមារចូលរៀននិងសារៈសំខាន់នៃការអប់រំកម្មវិធីអប់រំនិងវីដេអូបង្រៀន ដើម្បីឲ្យសេវាអប់រំកាន់តែគ្របដណ្ដប់គ្រប់ទីកន្លែងគ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាន នៃការអប់រំពេញមួយជីវិត។ វណ្ណៈ



















No comments:
Post a Comment